ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន និងសន្តិសុខកោះពេជ្រ បានធ្វើការឡោមព័ន្ធតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងបក្ខពួកចំនួន២នាក់ទៀត ដែលបានលោតចូលទឹកទន្លេគេចខ្លួនបាត់ស្រមោលឈឹង ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទ ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេច ហើយតែត្រូវបានប្រជាពលរដ្ឋដេញតាមនិងសមត្ថកិច្ចដេញ ពីក្រោយធាក់បណ្តាលឲ្យដួលហើយជនសង្ស័យ២នាក់ភ័យពេកក៏បានលោតចូលទឹកនៅក្រោយផ្សារអ៊ីអនម៉លបាត់ស្រមោលឈឹង។ ចំណែកឯជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចក្របួចបានយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។
ជនសង្ស័យដែរសមត្ថកិច្ចឃាត់បាននោះមានឈ្មោះ ដែត អាយុ១៦ឆ្នាំ ហើយគេក៏បានប្រាប់សមត្ថកិច្ចថាជនសង្ស័យទាំង២នាក់ដែលលោតចូលទឹកនោះ បើតាមគេដឹងគឺមិនចេះហែលទឹកទេ ដោយហេតុភ័យខ្លាចសមត្ថកិច្ចតាមចាប់ក៏សម្រេចចិត្តលោតចូលទឹក ហើយសមត្ថកិច្ចឡោមព័ទ្ធតាមរកអស់រយៈពេលជាង២ម៉ោងនៅតែមិនឃើញ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់សមត្ថកិច្ចក៏សួរនាំ និងដាក់ទោសទៅតាមនិតិវិធីច្បាប់ យ៉ាងណាមិញជនសង្ស័យទាំង២នាក់ដែរលោតចូលទឹកនោះសម្ថកិច្ចរកពុំទាន់ឃើញនៅឡើយទេ ៕
មតិយោបល់