ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយកង់បីឥណ្ឌាមួយគ្រឿង បើកក្នុងល្បឿនលឿនពេក វ៉ារថយន្តមួយផុតគេចរថយន្តមួយទៀតមិនផុត ក៏ត្រូវចំក្បាលរថយន្តសាំយ៉ុងរងការខូចខាតទាំងសងខាង ហើយបង្កឲ្យជនបរទេសម្នាក់រងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ កែងផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខម៉ាតអ៊ីអនម៉ល) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3047 បើកតាមបណ្តោយផ្លូវលេខ ៥១ ទិសដៅពីជើងមកត្បូង ដឹកអ្នកដំណើរទៅខេត្តព្រៃវែង ស្រាប់តែដល់ចំណុចកើតហេតុផ្លូវបែកជាបួនក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-6181 បើកតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតមកលិច ដឹកភ្ញៀវជនជាតិបរទេសប្រុសម្នាក់បើកក្នុងល្បឿនលឿនវ៉ារថយន្តមួយគ្រឿងផុតហើយតែគេចរថយន្តមួយគ្រឿងទៀតមិនផុតក៏បានរេកន្ទុយកង់បីត្រូវក្បាលរថយន្តបណ្តាលឲ្យរងការខូចខាតទាំងសងខាង។ រីឯជនបរទេសដែរជិះលើកង់បីនោះរងរបួសស្រាលម្នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុបានធ្វើការសម្របសម្រួលគ្នាហើយក៏បានព្រមព្រៀងគ្នាយកទៅជួសជុលរាងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់