ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា វេលាម៉ោង១៩និង៤០នាទីថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងរថយន្តធុនស្រាល និងរថយន្តធុនស្រាល នៅលើផ្លូវជាតិលេខ៥៩ បើកបរច្រាសទិសគ្នា នៅចំណុចមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
ករណីខាងលើនេះ បណ្តាលឲ្យខូចខាត រថយន្តចំនួន០២គ្រឿងកម្រិតធ្ងន់ និងមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាលចំនួន០២នាក់ សរុបស្រី០៣នាក់ ។
ភាគីម្ចាស់រថយន្តឈ្មោះ លោកអនុសេនីយ៍ទោ ហួត ផូតួ នាទីមេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកសាលាក្រៅ អាយុ៤៩ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើកបររថយន្តម៉ាក HiLux Revo ពណ៌ ទ្រេអ៊ី ពាក់ផ្លាកលេខខម 09 -2-54 62 (គ្មានរបួស) ទិសដៅបើកបរពីជើងទៅត្បូង (ម្ចាស់រថយន្តខាងលើបានបដិសេធថា ខ្លួនពិតជាមិនបានបើកបររថយន្តក្នុងពេលគ្រោះថ្នាក់នោះទេ ហើយដោយបញ្ជាក់ថាឈ្មោះ ពិន ភន មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកសាលាក្រៅ ជាអ្នកបើកបររថយន្ត ក្នុងពេលគ្រោះថ្នាក់។
អ្នកបើកបររថយន្តទី២ឈ្មោះ ងូន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ( រងរបួសធ្ងន់) រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ បើកបររថយន្តម៉ាក lexus Rx 300 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BB 43 27 ផលិតឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីត្បូងទៅជើង។
អ្នករួមដំណើរទី១ឈ្មោះ លេង ស្រីពេជ្រ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិដូងឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ( របួសស្រាល)។ អ្នករួមដំណើរទី២ឈ្មោះនី កា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ អអូរដាលើ ឃុំបឹងរាំង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសស្រាល) ។
មូលហេតុ៖ នៃការគ្រោះថ្នាក់ បណ្តាលមកពី១កត្តាមនុស្ស (ភាគីអ្នកបើកបររថយន្តម៉ាក HiLux Revo ) បើកបរដោយមានសារធាតុស្រវឹងក្នុងខ្លួន និងខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន (មិនសហការជាមួយកម្លាំងជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីពិនិត្យរកសារធាតុគ្រឿងស្រវឹង ) ។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន៕
មតិយោបល់