ព័ត៌មានជាតិ

តៃកុងស្រវឹង បើករថយន្ត ទៅបុកឃ្លាំងស្តុបកង់រថយន្ត បណ្តាលរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើកបរថយន្តលុចស៊ីស LX470មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយបានគេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុកឃ្លាំងស្តុបសំបកកង់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចឃ្លាំងស្តុបសំបកកង់រថយន្តមួយកន្លែង នៅខាងកើតខនដូរ NOBLESSF ចម្ងាយប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-4719 តាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បើនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ ក៏វាក់អើនិងម៉ូតូមួយគ្រឿង មិនចាំម៉ាក ដែលកំពុងតែធ្វើដំណើរនៅខាងមុនរថយន្តបង្ក។ ហើយរថយន្តបង្ក ក៏បួងចង្កូតទៅខាងឆ្វេងគេចពីម៉ូតូ រួចក៏ជ្រុលទៅបុករបងថ្មឃ្លាំងកើតហេតុ បណ្តាលឲ្យរបងថ្មមួយផ្ទាំង ទំហំប្រហែល៣ម៉ែត្រគុណមួយម៉ែត្រកន្លះ និងសរសថ្មរមួយ រួមទាំងទ្វារដេកមួយផ្ទាំងរងការខូចបាត់រលំ ទៅសង្កត់នៅគូទរថយន្តមួយ គ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ស គ្មានស្លាកលេខ ដែលឈប់ចតនៅក្នុងឃ្លាំងខាងលើ បង្កឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយ។ ដោយឡែករថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខ ស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ ដោយឃ្លាំងកើតហេតុខាងលើ គ្មានមនុស្សនៅ ហើយមិនឃើញមានដំណាងរូបណា ចូលខ្លួនមកធ្វើការដោះស្រាយ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់