ភ្នំពេញៈ កម្លាំងនគរបានខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹងបន្តឹងច្បាចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ជនសង្ស័យជួញដូថ្នាំញៀនម្នាក់ ដោយដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ភក្រ័ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតស្រុកកងមាស ខេត្តកំពង់ចាម។
តាមសម្តីពីកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាបចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ខណៈនោះ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1CO-3796 ចូលមកក្នុងគោលដៅ ដែលកំពុងតែអនុវត្ត។ ពេលនោះជនសង្ស័យ ឃើញកម្លាំងសមត្ថកិច្ច កំពុងអនុវត្តច្បាប់ខាងមុខ ក៏បានយកលូកដៃចូលក្នុងហោប៉ៅយកកញ្ចប់បារីមួយកញ្ចប់ទម្លាក់ចោលទៅនិងដី។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ក៏បានឃើញហើយមានកាសង្ស័យ ក៏បានហៅជនសង្ស័យខាងលើឲ្យឈប់ រួចដើរទៅរើសកញ្ចប់បារីយកមកឆែរឆេរ ស្រាប់តែប្រទះឃើញថ្នាំញៀន ប្រភេទក្រាមសថ្លាចំនួន២កញ្ចប់ធំ និង២កញ្ចប់តូច រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅកន្លែងភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង រងចាំបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់