ព័ត៌មានជាតិ

បុគ្គលិកAeon2ជិះម៉ូតូឌុបសង្សារ​ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព នៅខណ្ឌសែនសុខ!..

​ភ្នំពេញៈ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគូស្នេហ៍វ័យក្មេងមួយគូជិះម៉ូតូនិចមួយគ្រឿងឌុបគ្នាបំណងចូលផ្ទះ ខណៈដែលជិះជិតដល់ផ្ទះហើយក៏ត្រូវក្រុមចោរប្រុសស្រីមួយក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច នៅមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ស.ទ ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារទំនើបAeon2 ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ​។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងសង្សាររបស់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ស៊េរី០១៤ ឡើងស៊េរី០១៨ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FA-4917។ ដោយទើបតែជិះចេញមកពីផ្ទះរបស់សង្សារដែលនៅម្តុំខាំកូស៊ីតធី គោលបំណងដឹកសង្សារទៅលេងបន្ទប់ជួលរបស់ខ្លួនដែលនៅក្បែរកន្លែងកើតហេតុ។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាន់ណូយ ក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះមកដល់ចំណុចកើតហេតុដែលជាផ្លូវមានសភាពស្ងាត់ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាងដបនាក់ ជិះម៉ូតូ៦ទៅ៧គ្រឿងមិនចាំម៉ាក ជិះមកពីក្រោយ រួចក៏ធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ។ បណ្តាលអោយជនរងគ្រោះភ័យស្លន់ស្លោរក៏ផ្តួលម៉ូតូរត់យករួចខ្លួន ហើយដោយក្រុមជនសង្ស័យឃើញឱកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសុវត្ថិភាព ភ្លាមៗនេះជនរងគ្រោះបានស្រែកឆោឡោតែគ្មានអ្នកណាចេញមកមើលនោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ៕

មតិយោបល់