កំពង់ចាម: តាមសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីដែលអះអាងថា មានករណីគេប្លន់ម៉ូតូ លុយកាក់និងឯកសាររបស់ខ្លួន ឈ្មោះ ពុធ សាវុធ អាយុ៣៩ឆ្នាំ រស់នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ដែលត្រឡប់មកពីបង់លុយធនាគារ កាលពីម្សិលមុិញនោះ តាមការពិតស្រ្តីរូបនេះ ជាអ្នកបង្កើតសាច់រឿងកុហកសមត្ថកិច្ចនោះទេ គឺពេលនេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម រកឃើញការពិតហើយ តាមរយៈកាមេរ៉ាសុវត្ថិភាព របស់ធនាគារ ខណៈស្រ្តីកុហកបោកប្រាស់រូបនេះ ជិះម៉ូតូឌុបទៅធនាគារសោះ មុនពេលកើតហេតុ ហើយម៉ូតូរបស់គេ បានលក់យកលុយបង់ធនាគារ រួចប្រឌិតរឿងថា ចោរប្លន់ ដើម្បីកុំឲ្យម្ចាស់បំណុលផ្សេងទៀតតាមទារប្រាក់។
សូមជំរាបថា ស្រ្តីម្នាក់ដែលត្រូវជនសង្ស័យប្រុសស្រី៣នាក់ ធាក់យកម៉ូតូបានសម្រេចនៅខេត្តកំពង់ចាម តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល
មូលដ្ឋានម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង០០នាទី នៅចំណុច វាលស្រែផ្លូវលេខ២២២ ខាងកើតភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ មានកើតករណីប្លន់យកម៉ូតូ០១លើក ដែលប្រព្រឹត្តដោយជនសង្ស័យ មានគ្នា០៣នាក់ ក្នុងនោះមានស្រីម្នាក់។
ជនរងគ្រោះបានរៀបរាប់ថា អ្នកឌុបស្លៀកខោខូវបូយ ខ្លីពណ៌ខ្មៅ ពាក់អាវដៃខ្ លីពណ៌ខ្មៅ និងមនុស្សប្រុសម្នាក់ទៀត ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវពណ៌គ្រាប់អំពិល ចំណែកមនុស្សស្រី ពាក់អាវឈុតផ្កាពណ៌ស បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខ បានធ្វើសកម្មភាពជិះមកក្បែរ ជនរងគ្រោះឈ្មោះ ពុធ សាវុធ ភេទស្រី អាយុ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិបុសពោធិ៍ ឃុំមេសជ្រៃស្រុកស្ទឹងត្រង់ ធ្វើសកម្មភាពយកកូនកាំបិតក្រវីដាក់ជនរងគ្រោះ ហើយជនសង្ស័យម្នាក់ ទៀតបានវាយត្រូវមុខជនរងគ្រោះ០១ដៃ និងដណ្តើមយកម៉ូតូម៉ាក វេវឆ្លាម ពណ៌ ខ្មៅ ផលិតឆ្នាំ២០១២ គ្មានផ្លាកលេខ ព្រមទាំងទឹកប្រាក់ចំនួន១២០,០០០៛ និងឯកសារធនាគារមួយចំនួន ដែលទុកក្រោមកែបម៉ូតូ ជិះទៅទិសខាងកើតចូលទឹកដីស្រុកស្ទឹងត្រង់បាត់។
ករណីនេះដែរ ខាងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវស៊ើបអង្កេត និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់