ភ្នំពេញៈ ពលករ-ពលការិនីខ្មែរ ចំនួន៤នាក់ ដែលជួបការលំបាកក្នុងការងារនៅប្រទេសម៉ាឡេស៊ី នឹងមកដល់ប្រទេសកំណើតវិញ នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃស្អែក បន្ទាប់ពីទទួលបានការជួយអន្តរាគមន៍ពីសំណាក់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ ចំនួន៤នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារ។ ពលករ-ពលការិនីខ្មែរ ទាំង៤នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៧៖៣៥នាទី ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK ៥៣៦។
បើតាមលោក ជុំ សុន្ទរី ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកដល់ពលករ-ពលការិនីទាំង៤នាក់។
ពលករ-ពលការិនីខ្មែរ មានឈ្មោះ ១-ពលការិនី ស៊ីវ សារឿន អាយុ៣៤ឆ្នាំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។ ដោយ សាមីខ្លួនពុំមានលទ្ធភាពដោះស្រាយដោយខ្លួនឯង ស្ថានទូតបានចេញថ្លៃបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។ ២-ពលការិនី គ្រួច ស្រីពៅ អាយុ២៤ឆ្នាំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ខាងផ្នែកជូតសម្អាត តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុន Century Cambodian នៅកម្ពុជា ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។ ៣-ពលករ សាលីម អាទៀតម៉ីស៊ី អាយុ២៨ឆ្នាំ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាចុងភៅ ដោយខ្លួនឯង តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។ និងទី៤-ពលករ រ៉សាត រ៉ហ្វាត អាយុ១៩ឆ្នាំ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅធ្វើការក្នុងចំការដូងប្រេង នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ៕
មតិយោបល់