ព័ត៌មានជាតិ

ខណ្ឌទួលគោក! អ្នកលក់ត្រីម្នាក់ ត្រូវចោរឆក់កាបូបបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ: កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីចោរឆក់កាបូប ស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូទៅទិញត្រីយកមកលក់ បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព។

មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើជិះម៉ូតូម៉ាកសង់៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1B-0676 តាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះដួលរបួស។

គួរបញ្ជាក់ថា កាបូបដែលជនសង្ស័យឆក់ទៅ មានលុយចំនួន៦៨ម៉ឺនរៀល ខ្សែកមាស៤ជី ចិញ្ចៀនប្លាទីន១វង់ និងទូរសព្ទមួយគ្រឿង ខណ:ដែលគាត់បានដោះទុកយកមកដាក់ក្នុងកាបូប ក្នុងបំណងយកទៅលក់ដើម្បីរៀបចំពិធីមង្គលការរបស់កូនស្រីគាត់៕

មតិយោបល់