ព័ត៌មានជាតិ

ដើរឆ្កឹះសោបន្ទប់ជួល លួចមិនទាន់បានសម្រេចផង ម្ចាស់និងពលរដ្ឋចាប់ស្វាគមន៍យ៉ាងចាស់ដៃទាំង២នាក់!

ភ្នំពេញៈ ជនសង្ស័យគ្នា២នាក់ រួមគ្នាដើរធ្វើសកម្មភាពឆ្លឹះសោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនទាន់បានសម្រេចផង ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋក្បែរខាងឃើញ ស្រែកព័ទ្ធចាប់បានសំពងបែកក្បាលទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ពលរដ្ឋចាប់បានវាយសំពងបែកក្បាល ទី១ ឈ្មោះ ញឹម ហាំ ហៅជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ និងទី២ឈ្មោះ ជួន សុឃាល់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ នាំគ្នាឡើងទៅផ្ទះជួល ជាន់ទី១ ត្រង់ចំណុចខាងលើ ដើរចាក់ឆ្កឹះសោតាមបន្ទប់ ស្នាក់នៅរបស់បងប្អូនកម្មករ ដោយជនខាងលើ ត្រូវបានអ្នកភូមិមិនដែលស្គាល់មុខ ស្នាក់នៅម្តុំខាងលើ បែជាមកដើរចាក់សោតាមបន្ទប់ជួលទៅវិញ ប្រាប់ហៅម្ចាស់ផ្ទះ ក៏មិនស្គាល់ ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យ ព្យាយាមរត់គេច តែរត់មិនរួចពលរដ្ឋព័ទ្ធចាប់ខ្លួនបាន សំពងចាស់ដៃ បែកក្បាលហូរឈាមកក្លាក់ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣។

តាមបុរសម្នាក់ជាម្ចាស់ផ្ទះជួល មិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា មិនបានបាត់បង់ ទ្រព្យសម្បត្តិ ទើបមិនប្តឹងផ្តល់អ្វីទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការអប់រំជាមុនសិន មុនឲ្យវិលត្រឡប់ទៅវិញ ។

ជនសង្ស័យទាំង២នាក់ លើកនេះជួបសំណាងល្អ ដែលម្ចាស់ផ្ទះគេមិនប្តឹង ហើយសមត្ថកិច្ច ឃាត់ធ្វើការអប់រំ និងហៅសាច់ញាតិមកទទួល ធានា យកទៅព្យាបាលរបួស ៕

មតិយោបល់