ព្រះសីហនុៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល នៅមុខកសិដ្ឋានចាស់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៩-១៧០ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងហេតុការណ៍នេះបង្កឡើងដោយរថយន្តដឹកខ្សាច់២គ្រឿងបុកគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ដែលខូចឈប់ចតនៅខាងចញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ។
ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តទី១ បើកបរដោយឈ្មោះ មឿន សាយ ភេទប្រុស អាយុ៣០ឆ្នាំ(របួសធ្ងន់)។ រថយន្តទី២ ស្លាកលេខព្រះសីហនុ3A-7007 បើកបរដោយឈ្មោះ យ៉ុង សារុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត(របួសស្រាល)។ ចំណែករថយន្តទី៣ដែលជារថយន្តដឹកប្រេង ស្លាកលេខភ្នំពេញ3C-4821 អ្នកបើកបរឈ្មោះ ប៉េ ណា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕
មតិយោបល់