ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1D-1149 តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅបើកមកពីស្ពានអាកាស៧មករា ឆ្ពោះទៅស្តុបណូគាយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូបង្កមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-4351 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ជាមួយល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូឌ្រីម០៨ខាងលើចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីររងការខូចខាត និងអ្នកបើកបរបង្ករបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកឯកជនសម្ភពសែនជ័យ ចំណែកអ្នកបើកម៉ូតូរងគ្រោះវិញ រងរបួសធ្ងន់កខូចបែកក្បាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសល នៅពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពបុរសរងគ្រោះ មានឈ្មោះ ជួប ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សត្រៀមប្រឡងធ្វើគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយពេលក្រោយ។

រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត៕
https://www.youtube.com/watch?v=uVQttjxBbvw

មតិយោបល់