ភ្នំពេញៈ បុរសអ្នកលក់និងទិញក្រដាសវ័យ៤២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រឡប់មកពីលក់ក្រដាសជិះរ៉ឺម៉កបំណងទៅផ្ទះហើយជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវរវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តម៉ាកគា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ចំណុចស្ពានគ្រួស ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសដែលរងគ្រោះរហូតដល់ស្លាប់ភ្លាមៗនោះមានឈ្មោះ គង់ ពិសិដ្ឋ អាយុ៤២ឆ្នាំ ជាអ្នកទិញនិងលក់ក្រដាសស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្វើដំណើរជាមួយកូនប្រុសម្នាក់អ្នកទាំង២ជិះម៉ូតូសណ្តោងរ៉ឺម៉ក ដែលមានម៉ូតូ ពណ៌ទឹកប៊ិច។
ចំណែករថយន្តដែលបានបុកម៉ូតូសណ្តោងរ៉ឺម៉កខាងលើម៉ាកគាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-5513 មានឡូហ្គោ និងអក្សរDKSH នៅជាប់រថយន្តមិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូសណ្តោងរ៉ឺមកខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកខាងមុខរថយន្តបើកខាងក្រោយហើយក្រោយមកមិនដឹងជាយ៉ាងម៉េចស្រាប់តែឭសូប្រ៉ាវឃើញរ៉ឺម៉កខ្ទាតនិងក្រឡាប់ផ្ងារជើង និងជនរងគ្រោះបានស្លាប់យ៉ាងអណោចអធ័មគួរឲ្យសង្វេគ រីឯកូនប្រុសមិនរបួសធ្ងន់ធ្ងរនោះទេ។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញធ្វើការវាសវែងយកម៉ូតូសណ្តោយរ៉ឺម៉កនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់