ព័ត៌មានជាតិ

បុរសម្នាក់ ទៅ​ឃាត់​ប្តី​ប្រពន្ធ​គេ​កុំឲ្យ​ឈ្លោះ​គ្នា ត្រូវបុរសជាប្តីវាយ២ដៃ បណ្តាលឲ្យខឹងទាញកាំបិតកាប់ រងរបួសធ្ងន់

​សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជន​​សង្ស័យ​ម្នាក់ ឈ្មោះ ចេង ចិត្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​នឹង​កាំបិត​) ។

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​០០​នាទី ស្ថិតនៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ហិង្សា​ដោយ​ចេតនា រវាង​អ្នកផឹកស៊ី​ជុំគ្នា ដោយ​មូលហេតុ​ទៅ​ឃាត់​ប្តី​ប្រពន្ធ​គេ​កុំឲ្យ​ឈ្លោះ​គ្នា ។

​ជនរងគ្រោះ​ឈ្មោះ សួន ស​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​/​សង្កាត់​ខាងលើ បាន​អង្គុយ​ផឹកស្រា​ជាមួយ​ជនសង្ស័យ​ឈ្មោះ ចេង ចិត្ត ហើយ​ជនរងគ្រោះ​ក៏បាន​ឈ្លោះប្រកែក និង​ជេរ​ប្រពន្ធ ។ ពេល​ន​នោះ​ឈ្មោះ ចេង ចិត្ត បាន​និយាយ​ឃាត់​ជនរងគ្រោះ​មិនឲ្យ​ជេរ​ប្រពន្ធ ស្រាប់តែ​ជនរងគ្រោះ​ឈ្មោះ សួន សារិទ្ធ បាន​វ៉ៃ​ទៅលើ​មុខ​ឈ្មោះ ចេង ចិត្ត ចំនួន​០២​ដៃ ។ បន្ទាប់ពី​វ៉ៃ​រួច ជនរងគ្រោះ​បាន​ហៅ​ជនសង្ស័យឲ្យ​យក​កាំបិត​មក​កាប់​ខ្លួន ។ ដោយនិយាយ​ពាក្យ​ដដែលៗ​ច្រើនដង​ពេក ជនសង្ស័យ​ក៏បាន​យក​កាំបិត​ដែល​នៅក្បែរ​ខ្លួន​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ជាច្រើន​កន្លែង ។

​ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សៀម​រាបបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ចេង ចិត្ត ។

​តាម​ការសាកសួរ​របស់​សម​ត្ថ​កិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ ​បណ្តាលឲ្យ​រងរបួស​ពិត​ប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត ៕

មតិយោបល់