សៀមរាបៈ កាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៨ សមត្ថកិច្ចយើងបានទទួលព័ត៌មានពីបុគ្គលិកសណ្ឋាគារ GOLDEN BUTTERFLY VILLA ថាមានករណីជនបរទេសស្លាប់ ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ GILDRED JOSEPH DANIEL ភេទ ប្រុស កើតឆ្នាំ ១៩៧៧ ជនជាតិ អាមេរិកាំង កាន់លិខិតឆ្លងដែនលេខ ៤៨៤០៨១៣៨៨ ជាភ្ញៀវទេសចរណ៍ បានដេកស្លាប់នៅក្នុងបន្ទប់លេខ១១០នៃសណ្ឋាគារខាងលើ។
ជនរងគ្រោះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ១១០សណ្ឋាគារ GOLDEN BUTTERFLY VILLA ភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨ ដោយជំងឺស្ទះសរសៃឈាមបេះដូង-ដាច់សរសៃឈាមខួរក្បាល។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត៕
មតិយោបល់