ព័ត៌មានជាតិ

យុវជន២នាក់ ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូមិនប្រយ័ត្ន ជ្រុលបុករថយន្ត Lexus 570 ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: យុវជន២នាក់ ស្រវឹងធ្លាក់ភ្នែកបានជិះម៉ូតូ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករថយន្ត Lexus570 ចតនៅលើចិញ្ចើមផ្លូវ ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកឯម្ចាស់ម៉ូតូបង្ក ត្រូវសមត្តកិចឃាត់ខ្លួនបាន ឲ្យដោះស្រាយគ្នា នៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង ៤០នាទីយប់ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1-AI 7141 ជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីជើងមកត្បូង គោលបំណងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ នៅម្តុំច្បាអំពៅ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរាងងឹតមុខឈឹង បានរេចង្កូតម៉ូតូជ្រុលទៅបុករថយន្ត Lexus 570 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AP 7399 ចតចោលនៅលើចិញ្ចើមផ្លូវចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ។ ចំណែកឯអ្នកបង្កជាម្ចាស់ម៉ូតូរងរបួសស្រាលបែកមាត់តិចតួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ ដោយម្ចាស់រថយន្តគាត់ទាមទារជាសំណង ៥០០$ តែជនរងគ្រោះជាម្ចាស់ម៉ូតូសុំសងត្រឹម២៥០$ ដោយម្ចាស់រថយន្តមិនចង់វែងឆ្ងាយ ក៏ព្រមទទួលយកលុយតែ២៥០$ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕

មតិយោបល់