ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យមន្ត្រីក្រោមឱវាទ គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារនេះឡើងវិញដោយស្មារតីទទួលខុសត្រូវខ្ពស់ ខណៈដែលមានការរកឃើញ នូវមន្ត្រីមួយចំនួនមិនបានយកចិត្តទុកដាក់ ក្នុងការឆ្លើយតបបញ្ហារបស់ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះ។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ ដើម្បីជម្រាបជូនទៅអស់លោក លោកស្រីប្រធានអង្គភាពចំណុះឲ្យក្រសួងកសិកម្ម អំពីសំណើរសុំឲ្យមន្ត្រីត្រូវយកចិត្តទុកដាក់ឆ្លើយតប និងដោះស្រាយសំណូររបស់ប្រជាពលរដ្ឋ តាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក។
យោងតាមសេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើនេះបានឲ្យដឹងថា កន្លងមកនេះ ក្រសួងកសិកម្ម បានសម្រេចបង្កើតក្រុមការងារផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលសមាសភាពថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមឱវាទ ដើម្បីផ្សព្វផ្សាយនិងផ្តល់ព័ត៌មានអំពីគោលនយោបាយសំខាន់ៗរបស់ក្រសួង។
នៅក្នុងលិខិតខាងលើនេះ ក៏បានបកស្រាយបំភ្លឺជូនសាធារណជនទូទៅពាក់ពន្ធ័សភាពការណ៍វិវត្តន៍នៃវិស័យកសិកម្ម និងការងារជំនាញរបស់អង្គភាព ព្រមទាំងបានបន្ថែម ភារកិច្ចឲ្យតាមដាន និងស្រង់ព័ត៌មានបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងបណ្តាញ សង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបកស្រាយបំភ្លឺជូនសាធារណជនឲ្យបានទាន់ពេលវេលាឡើយ ដូច្នេះស្នើអស់លោក លោកស្រីប្រធានគ្រប់អង្គភាពពង្រឹងការងារនេះឡើងវិញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខក្រសួង៕
មតិយោបល់