ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ឆបោកលួងលោមយកម៉ូតូ ពីជនរងគ្រោះ តែមិនបានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ ហៀង ស្រីខួច ភេទស្រីអាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ វត្តយួន ក្រុម១១ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីក្រុងភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ស្ដើង តូនី ភេទ ប្រុស អាយុ ២៤ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅ ភូមិ ០៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ (ឃាត់ខ្លួន) ធ្លាប់ប្រើប្រាស់សារធាតុញៀន។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-8982 និងទូរស័ព្ទដៃ១គ្រឿង របស់ជនសង្ស័យ សម្រាប់តេទាក់ទងជាមួយជនរងគ្រោះ ម៉ាក camfone ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី ១៨ សីហាឆ្នាំ ២០១៨ វេលាម៉ោង ៩យប់ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានតេទូរស័ព្ទមកលួងលោមជនរងគ្រោះ រួចណាត់ជួបនៅរង្វង់មូលកាំកូស៊ីធី ថាខ្លួនជាគ្រូពេទ្យស្រ្តី។
លុះដល់ថ្ងៃទី១៩សីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង២០នាទីជនរងគ្រោះឈ្មោះ ហៀង ស្រីខួច ក៏ទៅជួបនៅផ្លូវចូលបូរីអង្គរ ក្រុម១ ភូមិបឹងរាំង ទួលសង្កែ២ ឫស្សីកែវ ស្រាប់តែជនសង្ស័យឡើងអង្គុយលើម៉ូតូ រួចសួរកសោ ដើម្បីជិះទៅកន្លែងស្ងាត់ដើម្បីទម្លាក់ជនរងគ្រោះចោល ហើយយកម៉ូតូជិះគេចខ្លួន តែជនរងគ្រោះភ័យ ក៏បានស្រែកផ្អើលឆោឡោ ស្របពេលកម្លាំសមត្ថកិច្ចល្បាតឃើញ ក៏ឃាត់ខ្លួនជនសង្ស័យ និងនាំជនរងគ្រោះ មកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងឆបោកយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយក៏ធ្លាប់ឆោបោក តាមវីងបាន៥ដងមកហើយ។
ក្រោយសាកសួរសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់