ព័ត៌មានជាតិ

ឃើញភ្លាម ឃាត់ភ្លែត ទើបដឹងថា…!​

ភ្នំពេញៈ ក្រុមជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ល្បាត​ឃាត់​បាន ខណៈដែល​​ជនសង្ស័យ​ខាងលើ​ឃើញ​សមត្ថកិច្ច បើក​ម៉ូតូ​លឿន​ចូល​ក្នុង​ភក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​យប់រំលងអធ្រាត្រ​ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវលំ​ជាប់​ថ្នល់​រថភ្លើង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ រិ​ន​ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ និង​ម្នាក់​ទៀត​មិន​បាន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​ម៉ាក​ផ្លឺ​ស ពណ៌​ឈាម​ជ្រូក ស្លាក​លេខ​ទើប​ចាប់​ថ្មី ភ្នំពេញ​1BJ-3632 ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បាន​ចេញ​ល្បាត​នៅ​ភូមិសាស្ត្រ​ដែល​ស្មុគស្មាញ​ខាងលើ លុះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ឃើញ​ជនសង្ស័យ​មាន​គ្នា២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ភ្លាម​ៗ​នោះ​ជនសង្ស័យ​បានឃើញ​ពួក​គាត់​មានការ​ភិតភ័យ ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ពី​ពួក​គាត់​ដោយ​ក្នុង​ល្បឿន​យ៉ាង​លឿន តែ​ផ្លូវ​ខាងលើ​មាន​ភក់​ជា​ច្រើន ហើយ​ជនសង្ស័យ​បាន​ជិះ​យ៉ាង​លឿន​គេច​ពី​ពួក​គាត់ បណ្ដាល​ឲ្យ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មានការ​សង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​រហូត​ដួល​កប់​ក្នុង​ភក់​ប្រឡាក់​ពេញ​ខ្លួន និង​ប្រលាក់​ម៉ូតូ​ក៏​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ទាំង​លើ​មិន​មាន​ឃើញ​អ្វី​ជាប់​នឹង​ខ្លួន។ ប៉ុន្តែ​នៅ​ជិត​ម៉ូតូ​ដែល​ដួល​នោះ​មាន​សម្ភារ​ទាក់​ឆ្កែ ដែកថ្នាំងអំពៅ​ធំ​មួយ​ដើម ប្រវែង​ប្រមាណ​៣​តឹក និង​ខ្សែ​អន្ទាក់​ចំនួន​ពីរ ដែល​ធ្វើ​អំពី​ខ្សែ ហ្វ្រាំង​កង់​សម្រាប់​ទាក់​ឆ្កែ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សាកសួរ​បន្ត ៕

មតិយោបល់