ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកបើករថយន្ត ទៅបុកនឹងរថយន្តស៊េរីទំនើប RANGE ROVER ស្លាកលេខ ភ្នំពេញ 2U-8189 ចំពីក្រោយ បើករត់ត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ

ភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រាជោក បើករថយន្តហាយឡែនឌ័រមួយគ្រឿង ជ្រុលទៅបុករថយន្តRANGE ROVER មួយគ្រឿងទៀតពីក្រោយពេញទំហឹង ហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-8189 បើកបរជាលក្ខណ:គ្រួសារមានស្រីមានប្រុស តាមបណ្តោយផ្កូវ២០១១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវុជនស្រវឹងស្រាជោកម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7959 មកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹង រួចព្យាយាមរត់គេចបានប្រមាណជាង៣០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចមូលដ្ឋានល្បាតឃើញដេញចាប់មកវិញ។ ចំណែករថយន្តរងគ្រោះបានព្យាយាមបើកដេញតាមបានប្រមាណជាង១០០ម៉ែត្រ ទៅមុខលែងរួច ដោយសារថយន្តគៀបកង់ខាងក្រោយជាប់កាង តែមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តទាំង២គ្រឿងខូតខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងខាងសម្របសម្រួលគ្នាគ្នាដោយភាគីរងគ្រោះសូមឲ្យភាគីបង្កកក់លុយចំនួន៣០០០ដុល្លារ ហើយឲ្យយករថយន្តទៅជួសជុសឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់