ព័ត៌មានជាតិ

Update៖ សពបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូដួលស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យ សមត្ថកិច្ចដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកក្រុមគ្រួសារ

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ សង្ស័យខ្យល់គ ជិះម៉ូតូសុខៗស្រាប់តែដួលខ្លួនឯង រហូតបង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាជួយ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតយការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង ៣០ នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថី កម្ពុជាក្រោម ត្រង់ចំណុចមុខសាលាវិទ្យាល័យជាស៊ីមសន្ធរមុខ ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សោម រើត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានស្រុកកំណើត ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ C125 ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1T-1835 តាមបណ្តោយមហាវិថី កម្ពុជាក្រោម ទិសដៅពីលិចទៅកើត ខណ:មកដល់មុខសាលាវិទ្យាល័យជាស៊ីមសន្ធរមុខ ដែលជាកន្លែងកើតហេតុ ពេលកំពុងជិះសុខៗ ស្រាប់តែដួលដោយខ្លួនឯង សង្ស័យខ្យល់គ ដេកសន្លប់ រហូតបង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាជួយ និង ទាក់ទងរថយន្តសង្គ្រោះបន្ទាន់ មកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ក៏បានដឹកសពជនរងគ្រោះមកទីតាំងកើតហេតុវិញ រួចទាក់ទងជាមួយកម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ និងទាក់ទងខាងគ្រូពេទ្យពិនិត្យសពឃើញអវិជ្ជមានកូវីដ១៩ សមត្ថកិច្ច ក៏បញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថា ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលសពជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់