កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្មេងឃ្វាលគោមួយក្រុម មានគ្នា ៤នាក់ បានរើសយកក្បាលគ្រាប់ចាស់ៗ ប្រភេទ M79 មកដំលេង ក៏បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ ០៣ នាក់។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចក្នុងបរិវេណបន្ទាយACO (ទីតាំងបាញ់គ្រាប់ពិត) ស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទាំងបួននាក់ ទី១ឈ្មោះ ងោល តាំងហេង ភេទប្រុស អាយុ ១០ឆ្នាំ ស្លាប់នៅនឹងកន្លែង ទី២ឈ្មោះ សូន រ័ត្ន ភេទ ប្រុសអាយុ ១២ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ទី៣ឈ្មោះ យ៉ែម ស្វិត ភេទប្រុស អាយុ ៩ឆ្នាំរងរបួសធ្ងន់ និង៤ឈ្មោះ យ៉ែម ខ្មៅ ភេទប្រុស អាយុ ៦ឆ្នាំ របួសស្រាល ក្មេងទាំងបួននាក់ រស់នៅភូមិឃុំកើតហេតុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងឃ្វាលគោទាំងបួននាក់ បានដើរឃ្វាលគោនៅក្បែរទីតាំងបាញ់គ្រាប់ពិត ACO ក្រោយមកបាននាំគ្នារើសក្បាលគ្រាប់ ប្រភេទM79 យកទៅដំលេងក៏ផ្ទុះ បណ្តាលឲ្យក្មេងប្រុសឈ្មោះ ងោល តាំងហេង ស្លាប់ នៅនិងកន្លែងក្រោយពីកើតហេតុក្មេងរងរបួសទាំងបីនាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកសពក្មេងរងគ្រោះ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមជំរាបថា ចំណុចទីតាំងខាងលើ ក៏ធ្លាប់មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យស្លាប់ជនបរទេស សញ្ជាតិអូស្ត្រាលីម្នាក់ និងរបួសធ្ងន់ ២ នាក់ ជាក្រុមគ្រូបច្ចេកទេសផងដែរ៕
មតិយោបល់