ភ្នំពេញៈ បុរសជាសន្តិសុខក្លឹបហ្គោលឡាញម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីរស្រវឹងស្រាជោកជាំ ហើយដើរស្រែកតាមផ្លូវនិងវាយកញ្ចក់កង់បីឥណ្ឌមួយគ្រឿង ដែលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យបែក ខណៈពេលដែលបុរសចិត្តខ្លាំងរូបនោះដើរឆ្លងផ្លូវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុនមន្ទីរពេទ្យសែនសុខ តាមបណ្ដោយផ្លូវ១៩៨៦កែងនិងផ្លូវ១០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនបង្កមានឈ្មោះ ពេជ្រ ប៊ុន្ថា ភេទប្រុសអាយុ៣៣ឆ្នាំ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងើតហេតុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វ៉ា រី ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកម៉ូតូកង់បី ស្នាក់នៅម្តុំពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនបង្កខាងលើរួមទាំងបុរស២នាក់ផ្សេងទៀតបានធ្វើដំណើរថ្មើរជើង តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច និងក្នុងស្ថានភាពស្រវឹង ដោយបណ្តើរជនបង្កខាងលើស្រែករកអ្នកណាខ្លាំងបណ្តើរ។ លុះដើរមកដល់ចំណុចកើតហេតុជនបង្កខាងលើក៏បានដើរឆ្លងផ្លូវទៅផ្លូវម្ខាងទៀតតែម្នាក់ឯង។ ហើយខណៈពេលដែលដើរឆ្លងបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-6332។ ដែលបើកបរដោយបុរសមនាក់ និងដឹងនារីម្នាក់ពីក្រោយ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ ពេលនោះស្រាប់ជនបង្កខាងលើបានឈប់នៅកណ្តាលផ្លូវ ហើយចង្អុលមុខជនរងគ្រោះស្រែកឲ្យឈប់កង់បី។
បន្ទាន់មកជនរងគ្រោះក៏បានឈប់ម៉ូតូកង់បីចម្ងយប្រមាណ១០ម៉ែត្រពីជនបង្កខាងលើ។ ភ្លាមៗនោះស្រាប់តែជនបង្កខាងលើរត់សំដៅទៅវាយកញ្ចក់ម៉ូតូកង់បីរបស់ជនរងគ្រោះមួយដៃបណ្ដោយឲ្យបែកស្រាំ ហើយក៏កើតជាឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ហើយក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់និងបានរាយក៏ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយមកអន្តរាគមន៍។
បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបើកម៉ូតូកង់បីរបស់គាត់ដឹកភ្ញៀវម្នាក់ចេញមកពីខាងមុខក្លឹបហ្គោលឡាញ បំណងដឹកទៅដាក់នៅម្តុំពោធិ៍ចិនតុង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើឈប់នៅកណ្តាលផ្លូវ ហើយស្រែកឲ្យគាត់ឈប់ម៉ូតូកង់បី ហើយដោយគាត់ខ្លាចមានបញ្ហាក៏ព្រមឈប់ម៉ូតូកង់បីរបស់គាត់។ បន្ទាន់មកក៏ស្រាប់តែជនបង្កខាងលើស្ទុះមកវាយកញ្ចក់ម៉ូតូកង់បីរបស់បណ្តាលឲ្យបែក ដោយចោទគាត់ថាបំរុងបើកកង់បីបំបុករូបគេ។
នៅចំពោះមុខសមត្ថកិច្ចជនបង្កខាងលើបានឆ្លើយសារភាពថារូបគេពិតជាបានវាយបំបែកកញ្ចក់កង់បីរបស់ជនរងគ្រោះពិតប្រាកដមែន ព្រោះដោយមុនពេលកើតហេតុរូបគេទើបតែចែញមកពីកន្លែងធ្វើការហើយបម្រុងដើរទៅបន្ទប់ជួល ហើយខណៈពេលដែលគេដើរឆ្លងផ្លូវស្រាប់តែម៉ូតូកង់បីខាងលើបម្រុងបើកបំបុករូបគេ ហើយភ្លាមៗនោះរូបគេក៏បានវាយកញ្ចក់កង់បីខាងលើមួយដៃដើម្បីការពារខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅសាកសួរនាំនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ដោយឡែកជនបង្កខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់