ព័ត៌មានជាតិ

អាណិតណាស់! បុរសម្នាក់ជិះម៉ូតូដឹកធុងហ្គាសទៅឲ្យគេ ទាក់ដែកដួលបោកក្បាលស្លាប់ភ្លាមៗនៅចាក់អង្រែក្រោម!

ភ្នំពេញៈ គួរឲ្យ​អាសូរ​ ខណៈពេលមេឃកំពុងតែរលឹមភ្លៀង មានបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ ទាំងក្បាលព្រលប់នេះ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់ឲ្យគេដល់ផ្ទះ តែពេលត្រឡប់មកវិញជ្រុលជិះឡើងឃឿនផ្លូវ​បេតុងទើបតែធ្វើថ្មី បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង​ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃសៅរ៍​ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ​(ផ្សារក្រមួន) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​បានប្រាប់ថា​ សពជនរងគ្រោះឈ្មោះ ធឿន ភេទប្រុស​ អាយុ២៣​ មុខរបរកម្មករដឹកហ្គាសនៅផ្សារតាខ្មៅថ្មី និងមានស្រុកកំណើត​នៅខេត្តព្រៃវែង​ ដែលជិះម៉ូតូមួយគ្រឿងម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0817​ ដែលដឹកធុងហ្គាសយកទៅអោយគេនៅក្នុងច្រកចូលផ្សារក្រមួន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ Post Newsថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់ឲ្យគេដល់ផ្ទះ លុះត្រឡប់មកវិញបានធ្វើដំណើរតាមផ្លូវលំដែលទើបចាក់បេតុងថ្មីដដែលនោះ ទិសដៅពីលិចទៅកើត តែជ្រុលជិះឡើងឃឿនផ្លូវ​បេតុង ក៏ទើសជាមួយសរសែដែក ដែលគេទុកសម្រាប់ចាក់ផ្លូវបេតុងបន្តនោះ បណ្ដាលដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតនោះ រាយការណ៍ប្រាប់ទៅអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ ចុះមកកន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកលេខទូរសព្ទដើម្បីទាក់ទងទៅម្ចាស់ក្រុមហ៊ុនហ្គាសឲ្យបានដឹងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមបានរាយការណ៍ទៅសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌ​មានជ័យ ចុះមកធ្វើការវាស់វែង​ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រង់ចាំសាច់ញាតិឬម្ចាស់ម៉ូតូ​ មកយកទៅវិញ ។ ចំណែកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យម្ចាស់ក្រុមហ៊ុនហ្គាសទាក់ទងហៅរថយន្តសាមុយរបស់ ស្នងការរងនគរបាលខេត្តកណ្តាល​ មកដឹកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីរង់ចាំទាក់ទងបន្តទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

https://www.youtube.com/watch?v=fl5S3IrijzQ

មតិយោបល់