ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់ នៅក្រុងបាវិត!

​ស្វាយរៀង: កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ
និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់និង២នាក់​ទៀតរងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ១៥៧-១៥៨ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ម៉ូតូទី១ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH-0036 បើកបរដោយឈ្មោះ ពៅ ពេជ្រសង្វា ភេទប្រុស អាយុ​២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់នៅកន្លែង​។ និងអ្នករួមដំណើរ​ឈ្មោះ យ៉ាន មាសស្នេហ៌ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្រពន្ធ)រងរបួសស្រាល។

​បានបុកម៉ូតូម៉ាកវ៉េវឆ្លាម ពាក់ស្លាកលេខ ស្វាយរៀង1H-4722 ពណ៌ខ្មៅ ជិះ​ដោយឈ្មោះ ពៅ ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក រស់នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង​ (រងរបួសធ្ងន់)។

មូលហេតុ អ្នកបើកបរម៉ូតូសេ១២៥​មិនប្រកាន់ស្តាំ។

ចំពោះករណីនេះ សមត្ថកិច្ចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
​ចំណែកវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕​​

មតិយោបល់