ព័ត៌មានជាតិ

សមត្ថកិច្ច សម្រេចបញ្ជូនខ្លួន ថៅកែប៊ីចេងក្លែងក្លាយ នៅខណ្ឌឬស្សីកែវ ទៅតុលាការ

ភ្នំពេញៈ បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរ ពាក់ព័ន្ធ ករណី បើកទីតាំង វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ រួចមក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច បានសម្រេចបញ្ជូនខ្លួន ថៅកែ ប៊ីចេងក្លែងក្លាយ ទៅឲ្យលោក ខាំ សុផារី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ហើយ។

យោងតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ សុខ វួចលីន ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣១អា ផ្លូវ៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ដោយមានការសម្របសម្រួល របស់លោក ខាំ សុផារី កាលពីព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨
បាន​ចុះបង្ក្រាប​ទីតាំង​ វេចខ្ចប់ ប៊ីចេងក្លែងក្លាយ មួយកន្លែង នៅផ្ទះលេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។​

នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​​ប៊ីចេង​ក្លែងក្លាយ និង​ភស្តុតាង​រួមមាន​៖ ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក​Win win​ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cup​ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក​(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ​២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២​គ្រឿង ជញ្ជីង​ថ្លឹង ២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន​។​

​មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់ លោកព្រះរាជអាជ្ញារង ខាំ សុផារី តើនឹងសម្រេចចោទប្រកាន់ លើថៅកែ ប៊ីចេងក្លែងក្លាយ រូបនេះបញ្ជូនខ្លួនទៅ ចៅក្រមស៊ើបសួរ ឬដោះលែង?

ចំណែកថៅកែគ្រឿងក្រអូប ដែល វេចខ្ចប់សាប៊ូ និងគ្រឿងសម្អាងក្លែងក្លាយចំនួន ២២មុខ ទម្ងន់ប្រមាណ៥តោន មានទីតាំងនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបថា លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី ដោះលែងឲ្យទៅរកស៊ី មុខរបរដដែលវិញហើយ ព្រោះខ្លាចអត់អ្នកបំផ្លាញចំណូលជាតិ និងអ្នកបំផ្លាញសុខភាពពលរដ្ឋខ្មែរតទៅទៀត៕

មតិយោបល់