ព័ត៌មានអន្តរជាតិ

អាមេរិក ច្រានចោលយុត្តាធិការរបស់តុលាការអន្តរជាតិ លើសំណុំរឿងដាក់ទណ្ឌកម្មអ៊ីរ៉ង់

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រាប់តុលាការកំពូលអង្គការសហប្រជាតិថា ខ្លួនពុំមានយុត្តាធិការ ដើម្បីចាត់ការទៅលើការទាមទាររបស់អ៊ីរ៉ង់ឲ្យផ្អាកទណ្ឌកម្ម ដែលបានដាក់លើប្រទេសនេះ នាពេលថ្មីៗនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

មេធាវីក្រសួងការបរទេសអាមេរិក លោកស្រី Jennifer Newstead បានជំទាស់កាលពីថ្ងៃអង្គារថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ហាក់ពុំមានយុត្តាធិការគ្រប់គ្រាន់ ទៅលើការអះអាងរបស់អ៊ីរ៉ង់។

ដោយក្នុងអំឡុងពេលសវនាការលើកដំបូង សម្រាប់ករណីនេះ កាលពីថ្ងៃច័ន្ទអ៊ីរ៉ង់ បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំលោភលើសន្ធិសញ្ញាឆ្នាំ ១៩៥៥ ជាមួយនឹងការសម្រេចចិត្តរបស់លោក ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញ ក្រោយអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Newstead បាននឆ្លើយតបទៅវិញថា អាមេរិក មានសិទ្ធិការពារសន្តិសុខជាតិ និងផលប្រយោជន៍ផ្សេងទៀតរបស់ខ្លួន។

ក្នុងនោះលោកស្រី បានបញ្ជាក់ថា ការអះអាងអ៊ីរ៉ង់លើសន្ធិសញ្ញានេះ មិនអាចផ្តល់មូលដ្ឋាន សម្រាប់យុត្តាធិការរបស់តុលាការ ក្នុងករណីនេះទេ៕

មតិយោបល់