ភ្នំពេញៈ នារីវ័យក្មេងម្នាក់ នឹកហួសចិត្ត បន្ទាប់ពីយុវជនម្នាក់ សុំស្នេហ៍តាមហ្វេសប៊ុក សុំស្គាល់ សុំស្រឡាញ់ មិនទាន់ថាយល់ព្រមយ៉ាងម៉េចផង មកដល់ផ្ទះបែជាឆបោកយកទូរសព្ទ អាសូរ្យ តែល្អ ឬទំនើបមិនថាទេ ត្រឹមអាហ្វូន៥ កញ្ចាស់ កោតតែចង់បានទៅកើតដែរ ប្រើល្បិចបញ្ឆោតវិញប្តឹងប៉ូលិសនាំខ្លួនចូលប៉ុស្តិ៍ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទាមទារយកតែទូរសព្ទវិញទើបរួចខ្លួន ។
យុវជនសង្ស័យ ឈ្មោះ បូ រ៉ាវី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ចំណែកនារីម្ចាស់ទូរសព្ទមានអាយុ២០ឆ្នាំ មុខរបរ ឮកម្មការនីរោងចក្រ បានជាង២ខែមកហើយ។
តាមការរៀបរាប់នារីរងគ្រោះបានឲ្យដឹងថា ខណៈដែលលេងហ្វេសប៊ុក យុវជនខាងលើ បានអ៊ែតហ្វ្រេន ជាមួយ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ថ្មីៗនេះទេ មិនទាន់ដឹងអីផង ឆាតសុំស្គាល់ ដឹងថាស្នាក់នៅក្នុងភូមិព្រៃព្រីងជើង ភូមិជាប់គ្នានេះទេ បែជាសុំស្រឡាញ់ សុំស្នេហ៍ មិនទាន់ទាំងយល់ព្រមដាក់ចិត្ត ទម្លាក់កាយ ថាស្នេហ៍ផង មកដល់ល្ងាចថ្ងៃទី២៧ ម្សិលមិញ យុវជនរូបនេះ សុំមកស្គាល់ លេងដល់បន្ទប់ បានស្គាល់បន្ទប់ហើយ សុំខ្ចីទូរសព្ទ អាហ្វូន៥ កញ្ចាស់ ទើបទិញ៩៥ដុល្លា យកចុចលេងហ្គេម គ្រាន់តែនាងជាប់រវល់ ទៅបន្ទប់អ្នកជិតខាង ប្រុសជើងឆើត យកទូរស័ព្ទគេចខ្លួនបាត់ ។
នារីខាងលើបន្តទឹកហួសចិត្ត និងលាន់មាត់ យី! សម្តីថា«ស្នេហ៍» ជាពាក្យបោកប្រាស់ សូម្បីតែអាហ្វូនកញ្ចាស់ ក៏ចង់បានតែ ដូចជាជ្រុលពេកហើយអន្ទិត បែកគំនិត ប្រើល្បិចតបត បង្កើតគណនីហ្វេសប៊ុកថ្មី ឆាតសុំស្នេហ៍ ចង់ឃើញមុខបង នួនល្អង អាចមកជួបបាន ត្រង់ចំណុចរង្វង់មូលចោមចៅ វេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ក៏ប៉ុន្តែប្រុសល្បិច នៅចាញ់ស្រីឆ្លាត នាំទាំងប៉ូលិសទៅជាមួយ តាមការណាត់ គ្រាន់ឃើញមុខ ប្រុសជើងល្អបម្រុងរត់គេច ប៉ូលិសស្ទាក់មុខ ចាប់នាំខ្លួនចូលប៉ុស្តិ៍និយាយគ្នាសិន ល្បិចដល់ណាទៀត ។
ករណីខាងលើ ក្រោយពីចាប់នាំខ្លួន ប្រុសស្ទើរល្បិចចូលប៉ុស្តិ៍ប៉ូលិស នារីរងគ្រោះ គ្មានអ្វីក្រៅពី ទាមទារយកទូរសព្ទវិញ ទើបរួចខ្លួន ភាគីខាងប្រុសក៏យល់ស្របតាម ព្រោះខ្លាចជាប់គុក ៕
មតិយោបល់