ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច ( គាស់ទ្វាររថយន្តលួចយកកាបូបលុយ ) ជនសង្ស័យជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកកាបូបលុយ របស់ជនរងគ្រោះជាជនជាតិខ្មែរ ខណៈដែលជនរងគ្រោះចតរថយន្តទុកចោលនៅលើផ្លូវ ហើយទៅញាំបង្អែម ពេលនោះជនសង្ស័យបានគាស់ទ្វាររថយន្តរបស់ជនរងគ្រោះ ហើយចូលទៅក្នុងរថយន្តដើម្បីលួចលុយ តែត្រូវជនរងគ្រោះឃើញទាន់ពេលក៏រត់សំដៅមករថយន្ត ពេលជនសង្ស័យឃើញម្ចាស់រថយន្តមក គេក៏ចុះពីរថយន្តរត់គេចខ្លួនបាត់។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតចាប់បានជនសង្ស័យ និងបក្ខពួកសរុប២នាក់។
ជនរងគ្រោះឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ XU MENG JIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ) ។
២-ឈ្មោះ CHEN WEI JIAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកដូរលុយតាមទូរស័ព្ទដៃ លិខិតឆ្លងដែនលេខៈ EC៩០៧៤៦០១ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួក ) ។
វត្ថុតាងចាប់យកបាន៖
-កាបូបយួរដៃ ០១ ពណ៌សូកូឡា ( ផលនៃអំពើលួចថ្ងៃទី ២៧/០៨/២០១៨ )
-ទូរស័ព្ទដៃ ០២គ្រឿង ( ម៉ាក IPHONE X ពណ៌ខ្មៅ និងម៉ាក NOKAI ពណ៌ស ) ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចយើងថា កន្លងមកពួកគេបានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកលុយ ចំនួន៣លើក៖
-លើកទី១ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយចំនួន ៣៩,០០០ដុលារ ( បីម៉ឺនប្រាំបួនពាន់ដុល្លារ ) ។
-លើកទី២ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ នៅមុខក្រុមហ៊ុន L.G ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយជាង ១,០០០ដុល្លារ ( មួយពាន់ដុល្លារ ) ។
-លើកទី៣ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសម្រេច ព្រោះក្នុងពេលធ្វើសកម្មភាពត្រូវម្ចាស់រថយន្តមកទាន់ ។
ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕
មតិយោបល់