ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងម្នាក់ទៀតបើកម៉ូតូ ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ល្បឿនយ៉ាងលឿន បានជ្រុលទៅបុកខឿនស្ពានពេញទំហឹងប្លោងបោកនឹងខឿនស្ពានរងរបួសធ្ងន់ និងម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអ្នកបើកម៉ូតូ មានឈ្មោះ ភិន សុវណ្ណឧត្តម អាយុ២០ឆ្នាំជាង រស់នៅក្រុងដូនកែវ ខេត្តតាកែវ និងអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងម្នាក់ទៀតជិះម៉ូតូឌ្រីមសង់ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 1GN-3555 បើកពីត្បូងទៅជើងចុះពីស្ពានស្ទឹងមានជ័យ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនស្ពានពេញទំហឹង បណ្ដោយឲ្យមនុស្ស២នាក់ផ្លោងផ្ទប់នឹងខឿងរងរបួសធ្ងន់ម្នាក់។ ចំណែកម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ឲ្យទៅវិញ។ ចំណែកសពជនរងគ្រោះត្រូវបាន មន្ទីរពេទ្យលោកសង្ឃតម្កល់ទុកនៅសាលសពក្នុងមន្ទីរពេទ្យ ហើយឲ្យសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់