ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ស្រីចរិតប្រុសម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស

កណ្តាលៈ នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី ព្រឹកមានករណីលួចមានស្ថានទម្ងន់ទោស ចំណុចលើផ្លូវគ្រួសក្រហម (ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី(ចរិកប្រុស) អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅសព្វថ្ងៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកអញ្ចេក៣ ខេត្តបាត់ដំបង។

វត្តុតាងចាប់យក៖
១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-0342 ចំនួន០១ គ្រឿង ។
២.កាំបិតតូចចិតបន្លែ ដងឈើប្រវែង ២៣សង់ទីម៉ែត្រ ដងប្រវែង ១១សង់ទីម៉ែត្រ ទំហំដង ៥សង់ទីម៉ែត្រ ផ្លែពណ៌សប្រវែង ១២សង់ទីម៉ែត្រ ទទឹងផ្លែ ២សង់ទីម៉ែត្រចំនួន០១។

កន្លងមក ជនរងគ្រោះតែងតែ មករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័យដែរ។ នៅថ្ងៃទី០៣.០២.២០២១ វេលាម៉ោង០៧.០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូចំណុចដែលខ្លួនរត់ឌុបខាងលើ ពេលនោះ ជនសង្ស័យ ឈ្មោះ ណាក់ រតនា បានជិះ ផាស្អាប់មកដល់ ហើយឈប់សួរជនរងគ្រោះថា ម៉ូតូឌុបមែន? ជនរងគ្រោះឆ្លើយថា នឹងហើយម៉ូតូឌុប ហើយជនសង្ស័យបន្តថា បើអញ្ចឹងឌុបខ្ញុំទៅវត្តក្រពើហា(ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ភ្លាមនោះជនរងគ្រោះ ក៏បានឌុបជនសង្ស័យ ចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា (ជាប់ខាងត្បូងស្ពានលេខ១៩) ឆ្ពោះទៅវត្តនៅទិសខាងលិច បានចម្ងាយពីផ្លូវជាតិប្រហែល ៣គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យក៏បានដកកូនកាំបិតចិតបន្លែខាងលើ ផ្ជុងក ជនរងគ្រោះកំរាមយកទូរស័ព្ទម៉ាក oppo ចំនួន០១គ្រឿង និងម៉ូតូខាងលើ ពេលនោះ ជនរងគ្រោះ បានអង្វរ ជនសង្ស័យថា សូមទុកជីវិតនិងសុំឲ្យឌុបជូន មកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា ចាំឲ្យប្រាក់ចំនួន ១០ម៉ឺនរៀល បន្ថែមទៀត ។ បន្ទាប់មកជនសង្ស័យបានយល់ព្រម ហើយជនសង្ស័យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ (ចំណុចផ្សារកំពុងប្រាសាទ) ឃុំស្វាយអំពារ ពេលនោះជន សង្ស័យបានសួរជនរងគ្រោះថា ទៅថ្នល់កែងតាមផ្លូវណា? ជនរងគ្រោះឆ្លើយកុហកថា បត់ខាងស្ដាំដៃទៅដល់ហើយ (គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាម ដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើន ដើម្បីអោយគេជួយ) ពេលនោះជនសង្ស័យ ក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយដោយស្រែកថា ចោរៗ លឺដូច្នេះប្រជាពលរដ្ឋ នៅទីនោះក៏បាននាំគ្នាជួយព័ទ្ធ ចាប់ជនសង្ស័យ រូចក៏យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់គំរាម យកម៉ូតូនឹងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ថាននគរបាលស្រុកមុខកំពូល ។

ករណីនេះជំនាញ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងដើម្បី បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់