ប៉ៃលិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នានៅលើទឹកដីប្រទេសថៃ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់នៅពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើបណ្តោយផ្លូវជាតិ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ។
ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ឃាង ធារ៉ាថន អាយុ៤១ឆ្នាំ ជានាយកស្តីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន និងប្តីឈ្មោះ សៀក រតនៈ អាយុ៥០ឆ្នាំ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តម៉ាក CRV ពណ៌ប្រាក់ មិនស្គាល់ស្លាកលេខ ទទួលរងការខូចខាតទាំងស្រុង។ ចំណែកអ្នកបើកបររថយន្តភាគីថៃ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។
ប្រភពដដែល បានបន្តទៀតថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានបើកបររថយន្តខាងលើ ក្នុងទិសដៅពីកើតទៅលិចដោយឆ្លងព្រំដែនខេត្តប៉ៃលិន ឆ្ពោះទៅខេត្តចាន់បូរី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តថៃ១គ្រឿងម៉ាក មីសុយមីស៊ី ពណ៌ស បើកបរវ៉ាជែងគ្នា ក៏ជ្រុលទៅបុករថយន្តជនរងគ្រោះពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់តែម្តង ។ រីឯរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចថៃស្ទូចយកចេញពីផ្លូវទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិទាក់ទងទៅខាងភាគីថៃ ដើម្បីដឹកត្រឡប់មកខេត្តប៉ៃលិន រួចរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈលោក សៀក រតនៈ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ប្រទេសថៃ៕


មតិយោបល់