(Reuters)- កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីប្រទេសរុស្សីលោក Vladimir Putin បានច្រានចោលយោបល់ក្នុងការបញ្ជូនប្រជាជនភៀសខ្លួនពីប្រទេសអាហ្វហ្គានីស្ថានទៅប្រទេសក្បែរប្រទេសរុស្ស៊ីដោយនិយាយថា លោកមិនចង់ឲ្យ “ក្រុមសកម្មប្រយុទ្ធបង្ហាញមុខនៅទីនេះក្រោមឈ្មោះជាជនភៀសខ្លួននោះទេ” នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី។
ប្រធានាធិបតីលោក Putin បានរិះគន់មតិរបស់ប្រទេសលោកខាងលិចមួយចំនួនក្នុងការផ្លាស់ប្តូរទិសដៅជម្លៀសប្រជាជនអាហ្វហ្គានីស្ថានទៅប្រទេសអាស៊ីកណ្តាលដែលជាប្រទេសជិតខាង ខណៈដែលទិដ្ឋាការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុបកំពុងដំណើរការ។
“តើនោះមានន័យថា ប្រជាជនទាំងនោះអាចបញ្ជូនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសទាំងនោះ ទៅកាន់ប្រទេសជិតខាងរបស់យើង ខណៈដែលប្រទេសលោកខាងលិចផ្ទាល់ មិនចង់យកពួកគេដោយគ្មានទិដ្ឋាការ?” ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីលោក Putin ប្រាប់ថ្នាក់ដឹកនាំគណបក្សរួបរួមរុស្ស៊ីដែលកំពុងកាន់អំណាច។
លោកបាននិយាយថា “ហេតុអ្វីបានជាជ្រើសយកដំណោះស្រាយគួរឲ្យអាម៉ាសដើម្បីដោះស្រាយបញ្ហានេះទៅវិញ?”
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហរដ្ឋអាមេរិកបានព្យាយាមធ្វើកិច្ចចរចាសម្ងាត់ជាមួយប្រទេសមួយចំនួនដើម្បីទទួលកិច្ចព្រមព្រៀងក្នុងការផ្តល់ជំរកជាបណ្តោះអាសន្នដល់ប្រជាជនអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងដែលកំពុងស្ថិតក្នុង គ្រោះថ្នាក់។
ប្រធានាធិបតីលោក Putin បាននិយាយថា ប្រទេសរុស្ស៊ី ដែលអនុញ្ញាតឲ្យមានការធ្វើដំណើរដោយមិនមានទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃបណ្តាប្រទេសអតីតសហភាពសូវៀតក្នុងតំបន់អាស៊ីកណ្តាល ជំទាស់និងការបញ្ជូនជនភៀសខ្លួននេះ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីលោក Putin ថា “យើងមិនចង់ឲ្យក្រុមសកម្មប្រយុទ្ធបង្ហាញមុខនៅទីនេះក្រោមឈ្មោះជាជនភៀសខ្លួននោះទេ” ។
ខណៈពេលដែលបណ្តាប្រទេសលោកខាងលិចមួយចំនួនព្យាយាមជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន ទីក្រុងម៉ូស្គូបានកោតសរសើរដល់ក្រុមតាលីបង់ដែលបានស្តារសណ្តាប់ធ្នាប់ឡើងវិញបន្ទាប់ពី កាន់កាប់ប្រទេសនេះ។
មតិយោបល់