ព័ត៌មានសិល្បៈ និងកម្សាន្ត

អនុប្រធានសមាគមភាពយន្ត ចេញមុខអំពាវនាវ និងលាងជម្រះមន្ទិល

ខណៈដែលជម្លោះរវាងតារាសម្ដែង និងផលិតករកាន់តែផ្ទុះមានឡើង ពាក់ព័ន្ធនឹងករណីលុយកាក់ លោកអ៉ិន ដែលទទួលព្យុះភ្លៀង ក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានអះអាងថា ផលិតកម្មរបស់លោកពិត ជាមានករណីយឺតយ៉ាវ លុយកាក់ចំពោះតារាសម្ដែងកន្លងមក ដូចអ្វីដែលបានកើតឡើងប្រាកដមែន ប៉ុន្តែលោកថា នោះមិនមែនជាកំហុសរបស់លោក ឬកំហុសរបស់ផលិតកម្មនោះទេ។ លោកក៏បានបង្ហោះ សារអំពាវនាវឲ្យតារាសិល្បៈប្ដូរឥរិយាបថ ដើម្បីកុំឲ្យមានការរិះគន់ខ្លាំងឡើង នាំឲ្យសិល្បៈធ្លាក់ក្នុងការមាក់ងាយពីសំណាក់មហាជនផងដែរ។

លោកបានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា «នៅប្រទេសកម្ពុជាយើងមានច្បាប់ត្រឹមត្រូវដូចប្រទេសដទៃដែរ ហើយក្នុងការធ្វើអ្វីមួយ ពាក់ពន្ធ័នឹងពាណិជ្ជកម្មតែងតែមានកុងត្រា ឬកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ប្រសិនបើភាគីណាមួយរំលោភលើកិច្ចសន្យា ភាគីដែលត្រូវគេរំលោភលើសេចក្ដីទុកចិត្ត អាចរកច្បាប់ឲ្យជួយការពារបាន។ តែពេលនេះក្នុងសង្គមសិល្បៈមានតែរឿង Post (បង្ហោះ)ហែកហួរគ្នាតាម Facebook ដោយមិនយកតាមកិច្ចសន្យា ធ្វើឲ្យមហាជនមានការរិះគន់ មកលើវិសយ័សិល្បៈយ៉ាងខ្លាំង នឹងនាំឲ្យបាត់បង់ការគាំទ្រថែមទៀត។

ក្នុងនាមខ្ញុំជាអនុប្រធានសមាគមភាពយន្តកម្ពុជា សូមសំណូមពរមេត្តាដោះស្រាយជម្លោះគ្នា ដោយសន្តិវិធី និងដោយតាមប្រព័ន្ធច្បាប់ ទើបល្អ ដើម្បីកុំឲ្យមិនប៉ះពាល់ដល់មុខមាត់ស្ថាបនសិល្បៈ។ សូមកុំចង់ចាញ់ឈ្នះគ្នាក្រៅច្បាប់អី ករណីក្រុមហ៊ុនមហាហង្សរបស់ខ្ញុំដូចគ្នា បើរំលោភលើកិច្ចសន្យា សូមមេត្តារត់ទៅរកច្បាប់ចុះ បើក្រុមហ៊ុនធ្វើខុសខ្ញុំនឹងប្រឈមមុខច្បាប់ជាធរមាន សូមអរគុណដោយក្ដីគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។ ការលើកឡើងរបស់លោក បានក្លាយជាប្រធានបទក្ដៅនាពេលចុងក្រោយ ដោយទំនាស់រវាងតារា និងតារា ឬជាមួយផលិតករ ដែលសុទ្ធតែជាមនុស្សរបស់មហាជន ត្រូវគេឃើញភាគីគូជម្លោះយកទៅបង្ហោះ ឬLive ជាវីដេអូហែកគ្នាយ៉ាងផុសផុស នៅលើហ្វេសប៊ុកផង។

លោកផលិតកម្មផលិតកុន មិនមានផលិតកម្មណាមួយ មិនមានករីណីជំពាក់លុយតួនោះទេ ដោយសារតែភាពជាក់ស្ដែង គឺបណ្ដាទូរទស្សន៍មួយចំនួន គឺរឿងបញ្ចាំងចប់ឡើងមួយឆ្នាំ ឬកន្លះឆ្នាំមិនទាន់មានលុយបង់ឲ្យផលិតកម្មខ្លះផង។ ម្យ៉ាងមកពីផលិតកម្មមហាហង្ស របស់លោកមានសកម្មភាពចេញផលិតច្រើនរឿង ទើបបញ្ហាបង្វិលមិនទាន់រមែងតែងកើតមានឡើង។ លោកនិយាយថា «អាចសួរផលិតកម្មបានថា អ្នកណាថតហើយភ្លាមមានលុយបើកឲ្យតួអស់ៗភ្លាមៗ អូខេបើផលិតកម្មមួយឆ្នាំថតមួយរឿង ឬ២រឿងវាមែន ប៉ុន្តែមហាហង្សថតមួយ ឆ្នាំ១០ម្ភៃរឿងទាំងរឿងដុំ និងរឿងភាគ ហើយខ្ញុំនិយាយតាមត្រង់ខ្ញុំយឺតយ៉ាវ លុយកាក់តែសម្រាប់តែតួណាដែលក្រឡុកផលិតកម្មប៉ុណ្ណោះ ខ្ញុំបើកផលិតកម្មប៉ុណ្ណោះ មិនបោកលុយតួប៉ុណ្ណឹងៗទេ»។

លោកថាបើតួដែលប្រតិកម្មរឿងលុយកាក់ ជាមួយលោកពិតជាតារាគោរព តាមកិច្ចព្រមព្រៀងមិនមែនមានបណ្ដឹង ស្នើឲ្យមកបំពេញការងារឲ្យចប់នោះទេ ខណៈដែលមានតួអង្គច្រើនទៀត ដែលលោកបានអះអាងថា ក៏ចាប់បណ្ដឹងបែបនេះដូចគ្នា តែខាងផលិតកម្មយល់យោគ ព្រោះមិនចង់បិទផ្លូវ កុំឲ្យមហាជនបន្តមាក់ងាយអ្នកសិល្បៈ។ មិនខុសគ្នាដែរ គេឃើញបណ្ដាផលិតករ និងតារារៀមច្បងកាន់តែបានទទូចឲ្យតារាសិល្បៈ ជាពិសេសគឺតារាជំនាន់ក្រោយ ចេះលើកបញ្ហាយកមកដាក់តុមូល ដោយកុំអាងអីចុះផ្សាយ ឬបង្ហោះហែកហួរ ដែលករណីទាំងនោះសុទ្ធ តែធ្វើឲ្យវិស័យភាពយន្តខ្មែរ និងវិស័យសិល្បៈបាត់បង់ទំនុកចិត្ត ដែលទង្វើបែបនេះ មិនមែនស្លាប់តែក្រុមផលិតករដែលតារាៗបញ្ចេញសាច់ដុំដាក់នោះទេ ប៉ុន្តែវិស័យភាពយន្តទាំងមូល ក៏លែងមានអ្នកចង់គាំទ្រ ដោយសារតែបើកហ្វេសប៊ុកលើកណាឃើញតែហែកហួរគ្នា៕

មតិយោបល់