តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងករណីហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ វីរះ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានវាយយាយរបស់ខ្លួនឈ្មោះ ប៉ុក សៀក ភេទស្រី អាយុ៨០ឆ្នាំ រស់នៅជាមួយគ្នា ជាច្រើនដៃនិងទះកំផ្លៀងចំនួន៥ដៃ បណ្ដាលឲ្យដួលទៅនឹងការ៉ូ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
ចំណែកមូលហេតុ បណ្តាលមកពីមានទំនាស់ពាក្យសម្ដី ដោយយាយឈ្មោះ ប៉ុក សៀក បានប្រើចៅឈ្មោះ កែវ វីរះ ឲ្យបើកទ្វារបន្ទប់ដើម្បីយកអង្កដាំបាយហើយឈ្មោះ កែវ វីរះ ក្របើកទ្វារយូរក៏ត្រូវយាយស្ដីបន្ទោសខ្លួន ក៏មានចិត្តខឹងរួចធាក់ទ្វារបន្ទប់១ជើង រួចបើកទ្វារក៏ត្រូវយាយរកវាយឈ្មោះ កែវ វីរះ ក៏តដៃវាយយាយតែម្ដង។
ក្រោយកើតហេតុជនសង្ស័យឈ្មោះ កែវ វីរះ បានយកដែកដក ទៅគាស់ទ្វារបន្ទប់របស់អ៊ុំបង្កើត ឈ្មោះ កែវ រត្ន័ ភេទប្រុស អាយុ៥៤ឆ្នាំ (ផ្ទះជាប់គ្នា)លួចយកម៉ូតូម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-9466 បម្រុងគេចខ្លួន តែក៏ត្រូវពូឈ្មោះ កែវ សារ៉ាត់ អាយុ ៤១ឆ្នាំ ឃើញបានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់