កណ្តាលៈ យុវជនជាងផ្សារដែកម្នាក់ ខណៈកំពុងផ្សារដែកសុខៗ បានដើរទៅជាន់ខ្សែភ្លើងដែលដាច់រលាត់ បណ្ដាលឆក់ដួលទៅនឹងដី ស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ លាក់ ឌី ស្ថិតក្នុងភូមិ ក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ព្រហ្ម មុន្នី ភេទប្រុស អាយុ ២២ឆ្នាំ មុខបរជាងផ្សារដែក មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះម្តាយមីង ឈ្មោះ លាក់ ឌី ស្ថិតក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា យោងតាមការសួរបំភ្លឺ ឈ្មោះ លាក់ ឌី ភេទស្រី អាយុ ៤៧ឆ្នាំ ត្រូវជាម្តាយមីងជនរងគ្រោះ និងឈ្មោះ ជាវ សុភា ភេទប្រុស អាយុ ២៨ឆ្នាំ ជាជាងផ្សារដែកដូចគ្នា បានអោយដឹងថា ជនរងគ្រោះ បានមកធ្វើជាជាងផ្សារដែកតោន និងបាញ់ថ្នាំរថយន្ត ជាមួយកូនគាត់ នៅផ្ទះរបស់គាត់ផ្ទាល់ មិនដែលមានបញ្ហារអ្វីកើតឡើងទេ ។ លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី ជនរងគ្រោះ និងឈ្មោះ ជាវ សុភា កំពង់ផ្សារ និងស្វានដែក ពេលនោះជនរងគ្រោះ បានមកប្រាប់ ឈ្មោះ ជាវ សុភា ថាកុំដាក់ខ្សែភ្លើងគងលើដែកប្រយ័ត្នឆក់ បន្ទាប់ពីនិយាយរួច ជនរងគ្រោះក៏ដើរទៅកន្លែងការងាររបស់ខ្លួនវិញ ក៏ជាន់ចំខ្សែភ្លើងដាច់សំបកស្រោម បណ្តាលឲ្យឆក់ដួលទៅនឹងដី ភ្លាមនោះ ឈ្មោះ ជាវ សុភា ជាអ្នកធ្វើការជាមួយគ្នាស្ទុះទៅបិទបារ៉ែតភ្លើងរួចមកមើលជនរងគ្រោះ តែជនរងគ្រោះលែងដឹងខ្លួន តែនៅមានដង្ហើមតិចៗ ក៏ដឹកជនរងគ្រោះយកមកមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែគ្រូពេទ្យជួយសង្រ្គោះមិនបាន ជនរងគ្រោះក៏ស្លាប់តែម្តងរួចបានរាយការណ៍ជូនអជ្ញាធរមូលដ្ឋាន ។ បន្ទាប់ពីទទួលបានពត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ និងចុះទៅដល់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ រួចពិនិត្យឃើញថា ជនរងគ្រោះមានសភាពស្លេកស្លាំង មានស្នាមឆេះអុតខ្មៅនៅបាតជើងខាងស្តាំ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គល់ឡើយ ។ ជនរងគ្រោះពិតជាស្លាប់ដោយសារឆកខ្សែរភ្លើងប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅដ្ឋាន ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់