Post News Media ព័ត៌មានជាតិ រថយន្តកុងតឺន័...

រថយន្តកុងតឺន័រ​បុករថយន្ត២គ្រឿង រងការខូចខាតទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកូរ៉េហើយរុញទៅបុករថយន្តហាយប្រីជបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីហាយប្រីជ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​2AY-3303 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយបើកពីមុខរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AK 2920 ខណដែលមកដល់ចំណុចកើតហេតុក៏បន្ថយល្បឿនស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ បន្ទាយមានជ័យ3A-0690 បើកមកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តកុងតឺន័របានចេញថ្លៃជួសជុលទៅលើរថយន្តទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕