កំពង់ចាម៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹកនាំកម្លាំងចុះស្រាវជ្រាវ ករណីឃាតកម្មប្លន់សម្លាប់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចចំការស្វាយចន្ទី ស្ថិតក្នុងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅព្រឹកថ្ងៃទិ១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក ឧត្តមសេនិយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ព្រមទាំងមានការសហការពីមេបញ្ជាការខេត្តត្បូងឃ្មុំ ចុះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនចំនួន២នាក់ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ រួមមាន៖ ១-ឈ្មោះ ម៉ាច រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ និង ២-ឈ្មោះ ឃន ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមដូចគ្នា ។ ហើយកម្លាំងដកហូតវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដាគុបចំនួន១គ្រឿង និងជញ្ជៀនពេជ្រចំនួន១វង់ផងដែរ។
លោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងទៀតថា ម៉ូតូ និងជញ្ជៀនពេជ្រ ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារជនរងគ្រោះវិញហើយ រីឯឃាតកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធី ៕
មតិយោបល់