ព័ត៌មានជាតិ

រថយន្តដឹកដីបត់ឆ្លងផ្លូវ ត្រូវម៉ូតូទៅត្រង់បុកផាំង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីបត់ឆ្លងផ្លូវ ត្រូវម៉ូតូទៅត្រង់បុកផាំង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង៤០ព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់។ ចំណែកម៉ូតូម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF 6056 ជិះដោយឈ្មោះ ខុំ សុភាព អាយុ២៧ឆ្នាំ ស្នាក់នៅភូមិអណ្តូងចំបក់ ឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយបុរសម្នាក់ ពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ខណ:មកដល់ចំណុចកើត រថយន្តបានបត់ឆ្វេង ឆ្លងផ្លូវម៉ូតូមកត្រង់ពីជើងទៅត្បូង ក៏បុកគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យរថយន្តដឹកអ្នករបួសទៅមន្ទីពេទ្យ ចំណែករថយន្ត និងម៉ូតូ បន្ទាប់ពីជំនាញវាស់វែងរួច ក៏យកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីឲ្យភាគីទាំងសងខាងសម្រួលគ្នានៅពេលក្រោយ៕

មតិយោបល់