ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត NISSAN មួយគ្រឿង របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បើកដោយបុរសម្នាក់ស្រវឹងស្រា ដំណើរក្នុងល្បឿនយ៉ាងលឿន ទៅបុកកង់បីឥណ្ឌា ហើយរុញទៅបុករទេះលក់សាច់អាំង និងម៉ូតូធំ FZ មួយគ្រឿងទៀត បណ្តាលឲ្យបែកកញ្ចក់ខ្ទាតសាច់ពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលទាំងយប់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង តាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្ដីអ្នកលក់សាច់អាំងបានប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករទេះលក់គ្រឿងក្លែមរបស់គាត់មកឈប់ចតអែបចិញ្ចើមផ្លូវ ដើម្បីដាក់លក់សាច់គោអាំងដូចសព្វដង ហើយក៏មានបុរសម្នាក់ បើកកង់បីឥណ្ឌា (Pass App) មកឈប់អែបក្បែររទេះលក់របស់គាត់ ដើម្បីទិញសាច់យកទៅក្លែម ហើយក៏មានម៉ូតូធំមួយគ្រឿងទៀត ម៉ាក FZ ពណ៌ខ្មៅ ទុកនៅជិតនោះដែរ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាក NISSAN របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខ ភ្នំពេញ 2Y-1135 បើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មិនបានបង្អន់ល្បឿន ក៏បានជ្រុលទៅបុកកង់បីឥណ្ឌានោះយ៉ាងពេញទំហឹងហើយ ក៏ខ្ទាត រុញទៅបុករទេះលក់សាច់អាំង និងម៉ូតូធំ FZ មួយគ្រឿងទៀត បណ្តាលឲ្យបែកកញ្ចក់ខ្ទាតសាច់ពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលទាំងយប់ផងដែរ តែសំណាងល្អ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងចរចាគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងនឹងស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕
មតិយោបល់