ភ្នំពេញៈ អគ្គិភ័យមួយ បានឆាបឆេះរោងចក្របោកគក់សំលៀកបំពាក់ធុនតូចមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់កម្មករជាច្រើននាក់ នាំគ្នារត់ចេញមកខាងក្រៅរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌដង្កោ និងទាក់ទងហៅរថយន្តអគ្គិភ័យមកជួយអន្តរាគមន៍ បង្កឲ្យប្រជាពលរដ្ឋជិតខាងភិតភ័យតក់ស្លុតទាំងរំលងអធ្រាត្រ។
ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងរោងចក្រធុនតូច បោកគក់ សំលៀកបំពាក់ ចេង វៃ ហ្វា ឡនឌ្រី (CHENG WEI FA LAUNDRY) ស្ថិតក្នុងដីឡូត៍លេខ០២ ទល់មុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មិនដឹងថាមូលហេតុអ្វីនោះទេ គឺឃើញផ្សែងហ៊ុយចេញពីខាងក្រោយរោចក្របោកគក់សំលៀកបំពាក់នោះ ហើយក៏ឆាបឆេះចេញជាអណ្ដាតឡើងតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមកម្មករនៅក្នុងរោចក្រនាំគ្នាជួយពន្លត់ និងរត់ចេញមករាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងរបស់ការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ រហូតដល់ម៉ោង២និង១០នាទីទៀបភ្លឺ ភ្លើងក៏បានរលត់ទាំងស្រុង។ ចំណែកឯមូលហេតុនិងការខូចខាតនៅមិនទាន់ដឹងនៅឡើយ ៕
មតិយោបល់