ភ្នំពេញៈ បុរសម្នាក់បានផុងក្បាល បណ្ដាលឲ្យបែកធ្លាយខួរស្លាប់ភ្លាមៗ ខណៈរួមដំណើរពីរនាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុករថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៣៧១ ត្រង់ចំណុចមុខផ្ទះលក់ស្រាបៀរ យីហោរ(ដារា រ័ត្ន) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះ ណៅ ដេត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកឹបសំបុត្រម៉ូតូនៅគុន្ធាបុប្ផា មានស្រុកកំណើត ភូមិ៣ ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់) ជាអ្នកជិៈខាងក្រោយ ទី២រងរបួសស្រាល ដែលជាអ្នកបើកមានឈ្មោះ ដេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាលុយមីញ៉ូម នៅក្នុងផ្សារទួលទំពូង មានស្រុកកំណើត រស់នៅភូមិ ឃុំជាមួយគ្នានិងអ្នកស្លាប់។ ចំណែកម្នាក់ទៀត អង្គុយកណ្តាលរងរបួសស្រាល មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសបីនាក់ បានជិះម៉ូតូឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-2830 បើកពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0612 និងខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ4A-0964 បើកដោយបុរសម្នាក់ពីកើតទៅលិច ពេញទំហឹងចំដែកធុងប្រេង បណ្ដាលឲ្យផុងលលាដបែកក្បាលស្លាប់ ក្នុងថ្លុកឈាម និងពីរនាក់ទៀតរងរបួសស្រាល។ ដោយភ្លាមៗរថយន្តមិនបានឈប់នោះទេ ព្យាយាមបើករត់បានប្រមាណ២០ម៉ែត្រ ម្ចាស់បានឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចុះវាស់វែង រួចយករថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/9aU4faxQZUc
មតិយោបល់