ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ នៅពេលអ្នកសារព័ត៍មានសួរនាំ ស្រាប់តែស្ទុះមកទះកំផ្លៀង រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ ផ្អើលទាំងយប់អ្នកកាសែត​ម្នាក់ ត្រូវបុរសម្នាក់ទះមួយ​កំផ្លៀង​ពេញទំហឹងរួចគេចខ្លួនបាត់ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ រួចដោះស្រាយមិនចេញ ដែលហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង៩ និង២០នាទីយប់​ ថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវបេតុងជាប់របងវត្តទួលសង្កែ ក្នុងង្កាត់ទួលសង្កែ​១ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

អ្នកកាសែត​រងគ្រោះ​ឈ្មោះ​ ប៉ូច​ គឹមសុខ អាយុ៤០ឆ្នាំជាង​ ដែលអ្នកយកព័ត៌មាន​ អង្គភាពសារព័ត៌មាន BBN TV-Online ។

តាមសាក្សីបានឲ្យដឹងថា នៅមុនកើតហេតុបន្តិច​ គេឃើញរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-4248 បើកបរដោយបុរសស្រវឹងជោគម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត មកដល់ចំណុចកើតហេតុ បានជ្រុល ទៅបុកប៉ះម៉ូតូណៃហតមួយគ្រឿង ពាក់ស្លាកលេខនគរបាល.1.0341 បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ហើយដោះស្រាយគ្នា​មិនចេញ ចៃដន្យ​​អ្នកកាសែតម្នាក់ បានធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញ ទើបឈប់ម៉ូតូចុះមកធ្វើការសាកសួរថា​ ​មានរឿងអ្វីបង​ ប៉ះគ្នាមែន? គ្រាន់តែសួរហើយភ្លាម មិនទាន់ទាំងបានផ្តិតយករូបភាពផង ស្រាប់តែនារីម្នាក់រួមដំណើរលើរថយន្តបង្កហេតុ បានចុះពីលើរថយន្ត​ មក​ចង្អុល​មុខអ្នកកាសែតម្នាក់រូបនោះ ស្រែកខ្លាំងៗថា «លោកឯងមកពីណា​ ម៉េចចង់ថតរូបយកទៅផ្សាយមែន?» រួចក៏ស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកកាសែតជាប់ បម្រុងយកទៅបោកចោល តែសំណាងល្អ​អ្នកកាសែត​រូបនោះកាន់ទូរស័ព្ទជាប់ ហើយប្រាប់វិញថា បងកុំចាប់ទូរស័ព្ទខ្ញុំ ប្រយ័ត្ន​ខូច តែនារីម្នាក់នោះនៅតែព្យាយាម ប្រទាញ​យកទូរស័ព្ទចុះឡើងៗ បណ្ដាលឲ្យទូរស័ព្ទកោង និងរលត់បើកលែងចេញ​ ភ្លាមនោះទើបអ្នកកាសែតរូបនោះ​បានទាក់ទងហៅសមត្ថកិច្ច និងអ្នកកាសែតដទៃទៀត ចុះមកកន្លែងកើតហេតុផង​​។

ចំណែកអ្នកបើករថយន្តបង្ក បានទូរស័ព្ទហៅបុរសម្នាក់ ឲ្យមកបើករថយន្តមួយគ្រឿង​ទៀត មិនចាំម៉ាក​ ពាក់ស្លាកលេខ ​2AU-1198 មកចំណុចកើតហេតុ​ ហើយក៏ក្រឡេកទៅឃើញ អ្នកកាសែតរូបនោះ ​កំពុងនិយាយជាមួយម្ចាស់ម៉ូតូរងគ្រោះ​ ស្រាប់តែអ្នកបើករថយន្តបង្ក បានដើរទៅ​ជិត រួចលើកដៃទៅ​ទះ​កំផ្លៀង​អ្នកកាសែតនោះមួយដៃពេញទំហឹង រួចបោះពាក្យសម្ដីមកថា គ្រោះថ្នាក់ចរាចរណ៍​ប៉ុណ្ណឹង​ អស់ប៉ុន្មាន? រួចឡើងរថយន្តដែលពាក់ស្លាកលេខ ​2AU-1198 បើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល​ បន្សល់​ទុកបុរសម្នាក់ ដែលបើករថយន្តនោះមក​ជួយដោះស្រាយ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង មកប៉ុស្តិ៍ទូលសង្កែ ដើម្បីសម្របសម្រួលគ្នា ដោយភាគីខាងបង្ក បានសងសំណងរាល់ខូចខាតទូរស័ព្ទចំនួន​ ៣០០ដុល្លារ​ និងសុំទោសទៅអ្នកកាសែតរងគ្រោះ ដើម្បីបញ្ចប់រឿង​៕

https://youtu.be/9e4pKzn7iRA

មតិយោបល់