ព័ត៌មានជាតិ

​បុរស២នាក់ជិះម៉ូតូលឿន បុករថយន្តម៉ាស្តា ស្លាកលេខភ្នំពេញ1AC-2220 រងរបួសធ្ងន់ទាំង២នាក់!

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យ​បុរស២នាក់រងរបួសធ្ងន់បាក់ជើងទាំង២នាក់ នៅ​ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក ម៉ាស្តា ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ​1AC 2220 បើកឆ្លងផ្លូវពីទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូ​ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL7093 ជិះដោយបុរស២នាក់ ពីត្បូង​ទៅជើង​ក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងផ្លូវតែម្តង។​

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើ​ការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ​ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់