ពោធិ៍សាត់ៈ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ តាមពាក្យបណ្តឹងពីជណរងគ្រោះ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ លក់ គ្រឿងសង្ហារឹម ឬឈើ តាមប្រព័ន្ធអនឡាញ រួមទាំងដកហូតនូវប្រាក់ដុល្លារក្លែងក្លាយ ជិត២ម៉ឺនដុល្លារ និងសម្ភារផងដែរ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ហុក វុទ្ធតី ហៅឈាង ម៉ៃ អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន មានទីលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ គឺអនុវត្តឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ឹម ដារត្ន័ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទ និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕
មតិយោបល់