ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ឯកអគ្គរដ្ឋទូតបាំង គាំទ្រជំរុញបន្ថែមដល់បណ្ដាក្រុមហ៊ុនបារាំង ឲ្យមកវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈ ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានស្នើលោកឯកអគ្គរដ្ឋទូតបារាំង ជំរុញលើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុនបារាំង ដោយមានការគាំទ្របន្ថែមពីស្ថានទូត ក្នុងការមកវិនិយោគលើសេវាចំណតរថយន្ត ការដឹកជញ្ជូនក្នុងក្រុង ប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ការដឹកជញ្ជូនសាធារណៈ និងប្រព័ន្ធផ្លូវដែកសម្រាប់រថភ្លើងធុនស្រាល ដែលត្រូវបានលោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា គឺជាឱកាសដ៏ល្អសម្រាប់វិនិយោគិនបារាំង ហើយក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ការស្នើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការអមដំណើរដោយលោក Philippe Chatignoux ទីប្រឹក្សាសេដ្ឋកិច្ចស្ថានប្រចាំទូតបារាំង និងលោក Philippe Steinmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រចាំប្រទេសឡាវ និងកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបារាំង បានសម្តែងនូវការកោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និងបានឆ្លៀតឱកាសសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឲ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីស្ថានទូតបារាំង។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ អំពីការធ្វើកំណែទម្រង់ថ្មីៗ ដែលកំពុងដំណើរការនៅក្រសួងដូចជា ការកាត់បន្ថយតម្លៃដឹកជញ្ជូន យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធ្វើវិមជ្ឈការ ចុះបញ្ជីប័ណ្ណបើកបរ ការរៀបចំរចនាសម្ព័ន្ធអង្គការលេខឡើងវិញ និងការត្រួតពិនិត្យរថយន្ត ដឹកទំនិញលើសទម្ងន់កំណត់ជាដើម៕
មតិយោបល់