Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនយុវជន៣នាក់ រួមនឹងថ្នាំញៀន១កញ្ចក់តូច

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការល្បាតក្នុងភូមិសាស្ត្រ ធ្វើការឃាត់ខ្លួនយុវជន៣នាក់ ដកហូតបានថ្នាំញៀន១កញ្ចក់តូច និងម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យុវជនទាំង៣នាក់ទី១មានឈ្មោះ អូយ ឆាយអ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្សារតាខ្មៅ ខេត្តកណ្តាល , ទី២មានឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងមាស ស្នាក់នៅបឹងកែងកង ខណ្ឌចំការមន និងទី៣មានឈ្មោះ អ៊ាល វាន់ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅម្តុំចំការព្រីង ខណ្ឌសែនសុខ អ្នកទាំង៣នាក់រស់ស្រុកឈូក ខេត្តកំពត។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍អូរបែកក្អមបានធ្វើការល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណ:នោះក៏ឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសុយាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HB-2719 ទិសដៅពីកើកទៅលិច ដោយមានការសង្ស័យកម្លាំងបានហៅឲ្យឈប់រួចបានឆែកឆេរលើខ្លួនប្រាណ ប្រទះឃើញថ្នាំញៀន១កញ្ចប់តូច ត្រូវបានកម្លាំងឃាត់ខ្លួនតែម្តង។ ចំណែកយុជនទាំង៣នាក់បានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនមែន ទើបនឹងទិញពីម្តុំផ្សារដើមគរ ក្នុងតម្លៃ២ម៉ឺនរៀលដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នយុវជនទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាលអូរបែកក្អម និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕