ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាលាន់ដូចរន្ទះត្រង់ផ្លូវបំបែកជាបួន ខូចខាតយ៉ាងដំណំ!

ភ្នំពេញៈ រថយន្តឡិចស៊ីស nIS250 មួយគ្រឿង បានបើកបុកជាមួយរថយន្តព្រុសនៅចំណុចស្ទុបផ្លូវបំបែកជាបួន លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តព្រុស ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0583 ដែលបើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស IS250 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6899 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា ក៏បណ្ដាលឲ្យរថយន្តទាំង២គ្រឿងបុកចំក្បាលរថយន្តដូចគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តព្រុសខ្ទាតទៅចិញ្ចើមផ្លូវបុកគំនូកខ្សាច់បន្ថែមទៀត រងការខូចខាតយ៉ាងដំណំ។ ឯរថយន្តឡិចស៊ីស ក៏រងការខូចខាតយ៉ាងដំណំដូចគ្នាដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់