ភ្នំពេញៈ ស្រ្តីម្នាក់ដូចជាជ្រុលពេក ខណៈដែលមានប្តី មានទាំងកូនរួចទៅហើយ បែរជាទៅលួចបង្កាត់ស្នេហ៍ថ្មី ប្តីតាមទាន់កំពុងឌុបបណ្តើរគ្នាតាមផ្លូវ ចាប់ឃាត់ទាំងខាងស្រី ទាំងខាងប្រុស នាំយកទៅអាជ្ញាធរសង្កាត់ ឲ្យជួយអន្តរាគមន៍ដោះស្រាយ ។
ហេតុការណ៍ខាងលើកើតនៅតាមផ្លូវក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តែរឿងអង្គហេតុ កើតឡើងនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ទើបនាំទៅសាលាសង្កាត់ពងទឹកវិញ ។
បុរសជាប្ដីស្របច្បាប់ បានសុំមិនបញ្ចេញឈ្មោះ ។ ចំណែកប្រពន្ធជ្រុលហួសរហូតមានស្នេហ៍ថ្មី មានអាយុ៣១ឆ្នាំ មុខរបរ កម្មករកម្មការិនីរោងចក្រ ។ ដោយឡែកប្រុសសាហាយមានអាយុ៣២ឆ្នាំ។
បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្ត ឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់ ពេញច្បាប់ត្រឹមត្រូវ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបន្សល់នូវកូនប្រុសស្រី២នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ តែកន្លងមកថ្មីនេះប្រពន្ធរបស់គាត់ បានមានទំនាក់ទំនងជាមួយប្រុសថ្មី ឈានដល់ការចុះចេញពីផ្ទះអស់របស់ពេល១០ថ្ងៃទើបគាត់ និងឪពុកក្មេក ចេញដើរតាមរករហូតឃើញផ្ទាល់ ជាក់នឹងភ្នែក កំពុងឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់នាំទាំងប្រុសថ្មី និង ប្រពន្ធមកកាន់សាលាសង្កាត់ពងទឹកតែម្ដង ។
ភាគីទាំង៣ ខណៈដែលនាំគ្នាចូលទៅចំពោះមុខអាជ្ញាធរ ដោយភាគីខាងប្ដីដើម បានទាមទាសំណងចំនួន៣ពាន់ដុល្លារ និងយកកូនទាំង២យកទៅចិញ្ចឹម ចំណែកខាងភាគីខាងប្រពន្ធឲ្យចុះចេញទៅដោយខ្លួនទទេ ដើម្បីទៅរួមរស់ជាមួយប្រុសថ្មី ដែលស្រីលួចបង្កាត់ស្នេហ៍ ៕
មតិយោបល់