ព័ត៌មានជាតិ

Update៖ ភ្ញាក់ផ្អើលខ្លាំង ខណៈស្ត្រីចំណាស់ម្នាក់ខ្យល់គរស្លាប់ក្នុងផ្ទះ តែបែរជាចោទថាកូនបង្កើតជាអ្នកសម្លាប់និងចាប់វ៉ៃខ្នោះចូលប៉ុស្ដិ៍

ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥០នាទីយប់ មានករណីស្ត្រីវ័យចំណាស់ម្នាក់បានដេកស្លាប់ក្នុងផ្ទះ ក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខមាន អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ថានៅវេលាម៉ោង៦និង៣០នាទី ពេលនាងខ្ញុំមកពីធ្វើការវិញពេលដល់ឃើញផ្ទះបិទភ្លើងងងឹតឈឹង។ ចំណែកទ្វារបើកចំហរ ឃើញដូច្នោះនាងខ្ញុំក៏ដើរបើកភ្លើងនៅមុខផ្ទះ និង ខាងក្នុងផ្ទះ រួចនាងខ្ញុំក៏ហៅម្តាយតែម្តាយមិនឆ្លើយតបរួចខ្ញុំក៏យកដៃទាញម្តាយស្រាប់តែឃើញម្តាយនាងខ្ញុំស្លាប់រឹងខ្លួនបាត់ទៅហើយ ដោយមានឈាមនៅតាមភ្នែក ត្រចៀក និង ក ដោយមានស្រមោចរោមខាំត្រង់របួស។ ចំណែកបងប្រុសរបស់ខ្ញុំដេកលក់នៅលើគ្រែក្នុងផ្ទះជាប់ទ្វារ រួចខ្ញុំបានរត់ចេញក្រៅហៅអ្នកជិតខាងឲ្យមកជួយ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារ គាំងបេះដូង ( អាចបណ្តាលមកពីជំងឺលើសឈាម និង ជំងឺថ្លើម ) មិនមែនជាករណីឃាតកម្មទេ ។ ចំណែកស្លាកស្នាមនៅលើដងខ្លួនគឺត្រូវស្រមោចខាំពេលដែលគាត់ដេកស្លាប់ និងដោយយោងតាមការបំភ្លឺរបស់កូនស្រីឈ្មោះ ឡុង សុខមាន ថាកន្លងមកម្តាយរបស់គាត់មានជំងឺលើសឈាម និង ជំងឺថ្លើម រយៈពេល០៤ឆ្នាំហើយ រួចសមត្ថកិច្ចធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់